Author: admin
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នារសៀលថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំមហាសន្និបាតវិសមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគម នៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីគណៈជំនាញ តំណាងក្រសួងពាក់ព័ន្ធជាច្រើន ដែលជាគណៈកម្មការ និងអនុគណៈកម្មការទទួលបន្ទុកការងាររៀបចំមហាសន្និបាតដែលនឹងប្រព្រឹត្តទៅនាថ្ងៃ ចន្ទ ទី២៩ ខែកញ្ញា ឆ្នាំ ២០២៥ ខាងមុខនេះ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំបំពេញការងាររបស់អនុគណៈកម្មការទទួលបន្ទុកទាំងអស់ ដែលបានចូលរួមដឹកនាំ ជាមួយក្រុមការងារក្នុងអនុគណៈកម្មការរបស់ខ្លួន សំដៅធ្វើយ៉ាងណាដើម្បីធ្វើឱ្យដំណើរការមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនទូទាំងប្រទេស អាចប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ក៏បានជួបសំណេះសំណាលជាមួយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបានដឹកនាំក្រុមការងារ ព្រមទាំងគណៈកម្មការរៀបចំ ចុះត្រួតពិនិត្យទីតាំងរៀបចំមហាសន្និបាត, និងពិនិត្យការងារសន្តិសុខ សណ្ដាប់ធ្នាប់, និងត្រៀមលក្ខណបច្ចេកទេសមុនថ្ងៃរៀបចំពិធី។ សូមជម្រាបជូនថា មហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស រៀបចំឡើងក្នុងគោលបំណងចម្បង៣សំខាន់ៗ រួមមាន៖ ទី១ បូកសរុបលទ្ធផលការងាររយៈពេល ១០ឆ្នាំរបស់សមាគម, ទី២ កែសម្រួលនិមិត្តសញ្ញាសមាគម និងឈ្មោះសមាគម ដោយផ្លាស់ប្តូរពីសមាគមអតីតយុទ្ធជនកម្ពុជា ទៅជា សមាគមអតីតតយុទ្ធជន និងនិវត្តជនកម្ពុជា និងទី៣ ការធ្វើវិសោធនកម្មលក្ខន្តិកៈ ដើម្បីបញ្ជូលនិវត្តជន ឱ្យមកជ្រកក្រោមឆ័ត្រតែមួយរបស់សមាគម៕
នារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញមកសួរសុខទុក្ខដោយផ្ទាល់ដល់វីរកងទ័ពដែលរងរបួសគ្រាប់ភ្នែកខាងស្តាំយ៉ាងធ្ងន់ធ្ងរក្នុងពេលការពារពីសកម្មភាពនគរបាលនិងកម្លាំងចម្រុះថៃដែលចូលបំពានដែនដីកម្ពុជានិងធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋខ្មែរ កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ដោយក្តីអាណិតអាសូរជាពន់ពេក «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» បានចាត់ចែងឱ្យបញ្ជូនវីរកងទ័ពឈ្មោះ “ម៉ន ភក្ត្រា” ភេទប្រុស អាយុ ២៥ឆ្នាំ មកព្យាបាលរបួសគ្រាប់ភ្នែកខាងស្តាំជាបន្ទាន់នៅមន្ទីរពេទ្យព្រះអង្គឌួង។ ហេតុតែបារម្ភខ្លាំងចំពោះសុខភាពរបស់វីរកងទ័ព «លោកជំទាវបណ្ឌិត» បានអញ្ជើញមកសួរសុខទុក្ខដោយផ្ទាល់ ពិនិត្យលើមុខរបួស និងថែមទាំងបានណែនាំឱ្យក្រុមគ្រូពេទ្យជំនាញ និងក្រុមគ្រូពេទ្យរបស់ សមាគម TYDA ប្រចាំមន្ទីរពេទ្យព្រះអង្គឌួង ព្យាបាលឱ្យអស់ពីលទ្ធភាពដើម្បីឱ្យវីរកងទ័ពឆាប់ជាសះស្បើយ និងមានសុខភាពល្អមាំមួនឡើងវិញ។ ជាងនេះទៅទៀតនោះ «លោកជំទាវបណ្ឌិត» បានណែនាំ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ឱ្យរៀបចំចាត់ចែងអាហារបីពេល ភេសជ្ជៈ និងជួយសម្រួលដល់ការស្នាក់អាស្រ័យរបស់អ្នកជំងឺ និងក្រុមគ្រួសារក្នុងអំឡុងពេលព្យាបាល។ ទន្ទឹមនឹងនេះផងដែរ «លោកជំទាវបណ្ឌិត» បានយកអំណោយរបស់ «សម្តេចធិបតី» និង «លោកជំទាវ» ប្រគល់ជូនវីរកងទ័ពក្នុងអំឡុងពេលសម្រាកព្យាបាល ក៏ដូចជាជួយដល់ក្រុមគ្រួសារ។ សកម្មភាពទាំងនេះពិតណាស់បានបង្ហាញនូវទឹកចិត្តសប្បុរស ការយកចិត្តទុកដាក់ និងក្តីមេត្តាដ៏ខ្ពស់ខ្ពស់ថ្លៃថ្លាបំផុតរបស់ថ្នាក់ដឹកនាំកំពូលនៃព្រះរាជាណាចក្រកម្ពុជា ចំពោះវីរកងទ័ព និងចំពោះប្រជាជនខ្មែរគ្រប់ៗរូប។ សូមបញ្ជាក់ផងដែរថា ហេតុការណ៍បានកើតឡើង បន្ទាប់ពីក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ីចុះពិនិត្យ សង្កេតនៅទីតាំងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាវេលាម៉ោង ១៣:៥៧នាទីរសៀល។ ក្រោយរយៈពេលប្រហែលជាងមួយម៉ោង គឺនៅម៉ោង ១៥:៣០នាទីរសៀល កងកម្លាំងចម្រុះរបស់ភាគីថៃ រួមមានកម្លាំងតម្រួតព្រំដែន ទាហានប៉ារ៉ា ទាហានឈុតខ្មៅ នគរបាល និងប្រជាពលរដ្ឋស្រុកគោកធ្យូង ចំនួនប្រហែល ៣០០នាក់ មានកាន់អាវុធប្រភេទស្រាលធ្ងន់គ្រប់ដៃ បានចូលមកធ្វើសកម្មភាពរាយបន្លាលួស រហូតដល់ម៉ោង ១៦:២០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងចម្រុះរបស់ភាគីថៃបានប្រើប្រាស់បន្ថែមនូវរថយន្តបំពាក់ឧបករណ៍បំពងសំឡេង និងកាំភ្លើងបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រដាស់ត្រចៀក ប្រព័ន្ធខួរក្បាល ព្រមទាំងបានបង្កអំពើហិង្សា អមនុស្សធម៌ ទមិឡឥតសាសនា មកលើប្រជាពលរដ្ឋ និងព្រះសង្ឃខ្មែរ ចំនួន ២៨អង្គ/នាក់ បណ្តាលឱ្យដួលសន្លប់…
ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គលើកទី១ នៃមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) លើកទី៤៦ នៅទីក្រុងគូឡាឡំាពួ ប្រទេសម៉ាឡេស៊ី សម្តេចប្រធានរដ្ឋសភា បានអំពាវទាវឱ្យបញ្ឈប់ការប្រើប្រាស់ “ច្បាប់ព្រៃ និងការអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលជាការរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃទៀត។ សម្តេចប្រធានរដ្ឋសភាជម្រាប មហាសន្និបាតអាយប៉ាថា កាលពីម្សិលមិញ គឺនៅថ្ងៃទី១៧ ខែកញ្ញានេះ កងកម្លាំងយោធាថៃបានប្រើប្រាស់កម្លាំងមកលើប្រជាជនស្លូតត្រង់របស់កម្ពុជា ដែលបណ្តាលឱ្យមានអ្នករងរបួសជាង២០នាក់។ ថៃត្រូវតែបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងជនស៊ីវិល និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាជនកម្ពុជាជាបន្តទៅទៀត។ សម្តេចបានគូសបញ្ជាក់ថា ការកសាងទំនុកចិត្តគ្នាទៅវិញទៅមក ទាមទារឱ្យមានការខិតខំប្រឹងប្រែងពីភាគីទាំងពីរ ដោយមានសុច្ឆន្ទៈ និងភាពស្មោះត្រង់ពិតប្រាកដ។ ភាគីដែលរំលោភបំពានលើបទឈប់បាញ់ ត្រូវតែទទួលការថ្កោលទោស ឬការដាក់ទណ្ឌកម្មជាដាច់ខាត។ នៅក្នុងកិច្ចប្រជុំដែលមានថ្នាក់ដឹកនាំសភាគណៈប្រតិភូសភាអាស៊ានចូលរួម ជាមួយសភាប្រទេសសង្កេតការណ៍ និងដៃគូរអភិវឌ្ឍន៍អាយប៉ា ជាច្រើនចូលរួម ប្រមាណជា៩០០នាក់ សម្តេចបានជម្រាបកិច្ចប្រជុំថា កិច្ចព្រមព្រៀងបទឈប់បាញ់នេះ នៅមានភាពផុយស្រួយខ្លាំងនៅឡើយ ខណៈសកម្មភាពរំលោភបំពានពីភាគីថៃនៅតែបន្តកើតមានជាបន្តបន្ទាប់ រួមមាន ការបន្តឃុំខ្លួនទាហានកម្ពុជា ១៨នាក់ ដោយខុសច្បាប់ ធ្វើជាចំណាប់ខ្មាំង ប៉ុន្មានម៉ោងក្រោយបទឈប់បាញ់បានចូលជាធរមាន និងករណីរាយលួសបន្លាខុសច្បាប់ និងសកម្មភាពនានាដែលរំខានដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ និងបានរំលោភបំពានម្តងហើយម្តងទៀតមកលើដែនអធិបតេយ្យកម្ពុជា។ សម្តេចបានអំពាវនាវ ដល់សហគមន៍អន្តរជាតិ ជួយបន្តតាមដានជាប្រចាំនូវការវិវត្ត នៃការអនុវត្តបទឈប់បាញ់ និងធ្វើការវាយតម្លៃដោយខ្លួនឯង ផ្អែកលើតថភាពជាក់ស្តែង។ ក្នុងន័យនេះ យើងចាំបាច់ត្រូវមានបេសកកម្មស្វែងរកការពិតជាអន្តរជាតិ និងជាបន្ទាន់។ “ខ្ញុំពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងថា ការបន្តរំលោភបំពានលើបទឈប់បាញ់ នឹងបណ្តាលឱ្យបាត់បង់ទំនុកចិត្តផ្នែកនយោបាយ និងការផ្ទុះឡើងវិញនៃជម្លោះប្រដាប់អាវុធ ដែលនឹងបង្កផលវិបាកដល់ប្រជាជាតិទាំងពីរ”។ ជាមួយគ្នានេះ សម្តេចក៏បានអំពាវនាវ បញ្ឈប់ការប្រើប្រាស់កម្លាំងយោធា ដើម្បីបោះបង្គោលព្រំដែនជាឯកតោភាគី ហើយទុកភារកិច្ចស្របច្បាប់ឱ្យគណៈកម្មការព្រំដែនចម្រុះ(JBC) បន្តការងាររបស់ខ្លួន តាមមធ្យោបាយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់ និងច្បាប់អន្តរជាតិ។ សម្តេចបានបញ្ជាក់ថា តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ធ្លាប់បានសម្រេចសេចក្តីលើករណីប្រាសាទព្រះវិហារ ក្នុងឆ្នាំ១៩៦២ និងតំបន់ជុំវិញប្រាសាទក្នុងឆ្នាំ២០១៣ ដែលជាមូលដ្ឋានគតិយុត្តដ៏សំខាន់សម្រាប់ភាគីទាំងពីរ ក្នុងការដោះស្រាយជម្លោះព្រំដែន ដោយសន្តិវិធី ជាពិសេសពាក់ព័ន្ធនឹងតំបន់ដែលមិនទាន់មានការឯកភាពគ្នា៕
(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីបិទ “វេទិកាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៥ របស់អ្នកសម្របសម្រួលសហគមន៍” នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅភោជនីយ៍ដ្ឋាន ឡូវ គឹមសេង។ ដែលពិធីនេះរៀបចំដោយ រដ្ឋបាលខេត្តកំពង់ធំ អង្គការទស្សនៈពិភពលោកអន្តរជាតិ និងអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍។ ក្នុងពិធីនោះដែរ ឯកឧត្តម នួន មានប្រសាសន៍លើកឡើងថា វេទិកានេះ បានឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព បញ្ហាប្រឈម ដំណោះស្រាយ និង ផ្តល់ឱកាសដល់អ្នកចូលរួមបានចែករំលែក បទពិសោធន៍ ការរៀនសូត្រ និងផ្លាស់ប្តូរចំណេះដឹង ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម និងការអនុវត្តយន្តការបណ្តាញអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ នៅកម្រិតខុសគ្នា ក្នុងការសម្របសម្រួលដំណើរការ អនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម និងស្វែងរកកិច្ចអន្តរាគមន៍គាំទ្រ ការអនុវត្តការងារគណនេយ្យភាព សង្គមប្រកបដោយនិរន្តរភាព។ ឯកឧត្តម នួន ផារ័ត្ន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការទស្សនៈពិភពលោក (World Vision) ប្រចាំខេត្តកំពង់ធំ ដែលបានខិតខំសម្របសម្រួល និងសហការយ៉ាងល្អប្រសើរជាមួយរដ្ឋបាលខេត្ត រដ្ឋបាលស្រុក មន្ទីរ-អង្គភាព និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានអនុវត្តសកម្មភាពនានាស្របតាមច្បាប់ និងគោលការណ៍ដែលមានចែងក្នុងអនុស្សរណៈនៃការយោគយល់គ្នា។ ឯកឧត្តម បន្តទៀតថា ការប្តេជ្ញាចិត្តរួមគ្នាក្នុងការអនុវត្តការងារគណនេយ្យភាពសង្គម គឺជាសក្ខីភាពយ៉ាងច្បាស់ដែលបង្ហាញពីការគាំទ្រដល់កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០)។ នេះគឺជាទស្សនវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ដោយផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ អាចចូលរួមក្នុងគ្រប់សកម្មភាពនៃការអភិវឌ្ឍ ដើម្បីធានាបាននូវតម្លាភាព ប្រសិទ្ធភាព និងការឆ្លើយតបចំពោះការផ្តល់សេវាសាធារណៈ។ ឯកឧត្តម បន្តថាវេទិការយៈពេលពីរថ្ងៃនេះ បានឆ្លុះបញ្ចាំងពីវឌ្ឍនភាព បញ្ហាប្រឈម រៀនសូត្រពីបទពិសោធន៍ល្អៗ និងរួមគ្នាស្វែងរកដំណោះស្រាយ ដើម្បីពង្រឹងយន្តការផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការ។ អ្វីដែលកាន់តែពិសេសនោះ គឺយើងបានជជែកពិភាក្សាគ្នាអំពី “និរន្តរភាព” នៃការអនុវត្តការងារគណនេយ្យភាពសង្គម ក្រោយពេលដែលគម្រោងរបស់អង្គការដៃគូត្រូវបានបញ្ចប់។
(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំ ប្រាសាទតោ។ ក្នុងពិធីសំណេះសំណាលនោះដែរឯកឧត្តម នួន ផារ័ត្ន បានធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកំពុងមានភាពតានតឹងនៅឡើយ ជូនដល់បងប្អូនមន្ត្រីរាជការ ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនោះដែរ ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានក្រើនរំលឹកដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវគោរពវិន័យនាំឱ្យមានសេចក្តីថ្លៃថ្នូរ រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង មានភាពស្មោះត្រង់ ត្រូវពង្រឹងសមត្ថភាពខ្លួនឯងឱ្យកាន់តែប្រសើរឡើង ខិតខំធ្វើការងារ ត្រូវនិយាយតិច ធ្វើឱ្យច្រើន និងមានភាពទទួលខុសត្រូវខ្ពស់។ ឯកឧត្តមបានបន្តថា ជីវិតជាមន្ត្រីរាជការ ត្រូវក្តាប់ឱ្យជាប់នូវទិសដៅការងារ ចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្រនៃការដឹកនាំ របស់ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត នៃការអភិវឌ្ឍន៍ខេត្តកំពង់ធំ ដែលមានទិសដៅច្បាស់លាស់ ដើម្បីឱ្យខេត្តកំពង់ធំមានការរីកចម្រើន។ លើសពីនេះទៀតឯកឧត្តមអភិបាលខេត្តកំពង់ធំ បានច្រើនរំលឹកដល់មន្ត្រីរាជការវ័យក្មេងទាំងអស់ ត្រូវខិតខំអភិវឌ្ឍខ្លួន ឱ្យក្លាយទៅជាមន្ត្រីមានសមត្ថភាពពិតប្រាកដ ខិតខំប្រឹងប្រែងធ្វើការងារ នៅពេលខាងមុខ និងមានអនាគតល្អប្រសើរ។ ព្រមទាំងអំពាវនាវដល់មន្ត្រីរាជការទាំងអស់ សូមជៀសឱ្យឆ្ងាយពីល្បែងស៊ីសងគ្រប់ប្រភេទ ការប្រើប្រាស់គ្រឿងញៀន កាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង ដើម្បីសុខភាពផ្ទាល់ខ្លួន និងសេដ្ឋកិច្ចគ្រួសារ។ ជាចុងក្រោយឯកឧត្តម អភិបាលខេត្តកំពង់ធំ បានសំណូមពរបណ្តាអង្គភាពចុះឱ្យរដ្ឋបាលខេត្ត សូមពង្រឹងការងារនៅតាមវិស័យការងាររបស់ខ្លួនឱ្យបានល្អ ការគ្រប់គ្រងមន្ត្រីក្រោមឱវាទ និងការកែលម្អតាមទីចាត់ការ-អង្គភាព-ការិយាល័យ ឱ្យបានស្អាត និងមានបរិយាកាសល្អ ផាសុខភាពល្អ។
(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំ នាព្រឹកថ្ងៃសុក្រទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា ដើម្បីពិភាក្សាលើរបៀបវារៈចំនួន៣។ ក្នុងសេចក្តីជូនដំណឹងដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានឲ្យដឹងថារបៀបវារៈចំនួន៣ រួមមាន៖
(ភ្នំពេញ)៖ លោក អូលីវែរ រីឆាត (Olivier RICHARD) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីរបស់បារាំងប្រចាំកម្ពុជា បានឲ្យដឹងថា បារាំងបានយកចិត្តទុកដាក់ខ្លាំង ចំពោះបញ្ហាព្រំដែនកម្ពុជានិងថៃ ដោយបារាំងនឹងបន្តតាមដានជាប្រចាំ។ លោកបានឲ្យដឹងបែបនេះ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា ពាក់ព័ន្ធទៅនឹងស្ថានភាពនៃបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ សម្ដេចតេជោ បានប្រាប់ទៅឯកអគ្គរដ្ឋទូត ដោយស្នើឲ្យបារាំង យកចិត្តទុកដាក់បន្ថែមទៀត ក្នុងការតាមដានអំពីស្ថានការណ៍រវាងព្រំដែនកម្ពុជា និងថៃ ជាពិសេស គឺការជំរុញឲ្យភាគីទាំងពីរ អនុវត្តនូវបទឈប់បាញ់ឲ្យបានពេញលេញ ដោយសម្ដេចតេជោ បានបញ្ជាក់ទៅកាន់លោកឯកអគ្គរដ្ឋទូតថា បទឈប់បាញ់នេះ នៅតែមានភាពផុយស្រួយ ហើយអ្វីដែលកម្ពុជាចង់ឃើញចង់បាននោះ គឺមិនចង់ឲ្យបារាំងទៅថ្កល់ទោសប្រទេសណាទេ ក៏ប៉ុន្តែគ្រាន់តែបារាំងខិតខំជំរុញឲ្យភាគីទាំងពីរ មានការអត់ធ្មត់ខ្ពស់ ដើម្បីអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញ និងវិលមករកប្រតីភាពឡើងវិញ។ ជាការឆ្លើយតប លោកឯកអគ្គររដ្ឋទូត បានជូនសម្ដេចតេជោដែរថា បារាំងបានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះបញ្ហាព្រំដែនរវាងកម្ពុជា និងថៃនេះ ដោយបារាំងនឹងបន្តតាមដានជាប្រចាំ។ ចំពោះទំនាក់ទំនងកម្ពុជានិងបារាំង លោកក៏បានរំលេចដោយសង្ឃឹមថា សម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងបារាំង និងកាន់តែរីកចម្រើន ជាពិសេស គឺការពង្រីកនូវពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នាពេលអនាគត។ ក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះលោកឯកអគ្គរដ្ឋទូត ដែលមកបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា។ សម្ដេចបានលើកឡើងថា ការអញ្ជើញមកកាន់ប្រទេសកម្ពុជាឆាប់រហ័សរបស់លោក ក្នុងឋានៈជាឯកអគ្គរដ្ឋទូតថ្មី ក្រោយពីឯកអគ្គរដ្ឋទូតចាស់បានចប់បេសកកម្ម គឺជាការបង្ហាញយ៉ាងច្បាស់ អំពីការផ្ដល់តម្លៃរបស់បារាំង ចំពោះទំនាក់ទំនងរវាងកម្ពុជា និងបារាំង ហើយសម្ដេចសង្ឃឹមថា វត្តមានរបស់លោក ក្នុងនាមជាឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា និងញាំងឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែរីកចម្រើនបន្តទៀត។ លោកឯកអគ្គរដ្ឋទូតថ្មីរបស់បារាំង បានសម្ដែងនូវក្ដីអរគុណ ចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឲ្យលោក និងសហការី បានជួបសម្ដែងការគួរសមក្នុងឱកាសនេះ ហើយលោកក៏បានបង្ហាញក្ដីរីករាយ ដែលឃើញទំនាក់ទំនងរវាងកម្ពុជា និងបារាំង មានភាពល្អប្រសើរ និងភាពរីកចម្រើនជាបន្តបន្ទាប់។ លោក RICHARD ក៏បានជម្រាបសម្តេចតេជោ ពីការត្រៀមខ្លួនរបស់លោក…
(ទីក្រុងហ្វាងឆឹងហ្គាង)៖ លោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា អាហារគ្មានសុវត្ថិភាព និងអាហាររូបត្ថម្ភមិនល្អ នាំចូលឆ្លងកាត់ព្រំដែន ការគំរាមកំហែងដល់អាយុជីវិត បន្ទុកប្រព័ន្ធសុខាភិបាល និងប៉ះពាល់ដល់វិបុលភាពរបស់យើងទាំងអស់គ្នា។ យោងតាមអង្គការសុខភាពពិភពលោក មនុស្សប្រមាណជា ៦០០លាននាក់ ទទួលរងជំងឺដែលបណ្តាលមកពីអាហារមិនមានសុវត្ថិភាពជារៀងរាល់ឆ្នាំ ដែលនាំឱ្យមានការស្លាប់ចំនួន ៤២០,០០០នាក់ រួមទាំងកុមារ ១២៤,០០០នាក់ ដែលមានអាយុក្រោម ៥ឆ្នាំផងដែរ។ លោកស្រីបានថ្លែងទៀតថា ប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ប្រឈមនឹងការខាតបង់ប្រចាំឆ្នាំដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងចំនួនប្រមាណជា ១១០ពាន់លានដុល្លារសហរដ្ឋអាមេរិក។ នៅចន្លោះឆ្នាំ២០១៥ និង២០២១ ជំងឺដែលបណ្តាលមកពីចំណីអាហារមិនល្អ បានសម្លាប់មនុស្សអស់ ១១៩នាក់ និងប៉ះពាល់ដល់បុគ្គល ៤,៧០០នាក់នៅក្នុងប្រទេសកម្ពុជា។ តាមការស្ទង់មតិថ្មីៗនេះ បានបង្ហាញថា ៩៧% នៃអ្នកប្រើប្រាស់ បារម្ភអំពីសុវត្ថិភាពចំណីអាហារ ហើយជាងពាក់កណ្តាលមានបានជួបប្រទះជំងឺដោយសារតែអាហារមិនមានសុវត្ថិភាព។ «នៅពីក្រោយរឿងទាំងនេះ បានរម្លឹកខ្ញុំពីការតស៊ូផ្ទាល់ខ្លួនដែលដក់នៅក្នុងអារម្មណ៍ខ្ញុំ ខ្ញុំនៅនឹកគិតដល់អ្នកម្តាយខ្ញុំ ដែលបានឆ្លងកាត់របបខ្មែរក្រហម ពេលដែលអាហារខ្វះខាតខ្លាំងមែនទែន ប៉ុន្តែ គាត់បានតស៊ូ ដើម្បីចិញ្ចឹមកូនរបស់គាត់ បើទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ ក៏អ្នកម្ដាយខ្មែរមួយរូបនេះ នៅតែគិតដល់អាហាររូបត្ថម្ភដល់កូនៗ ព្រោះអាហារ គឺជាវត្ថុចាំបាច់មិនអាចខ្វះបាន សម្រាប់ការគាំពារសុខភាព។ លើសពីនេះ មានជារឿងរ៉ាវដែលគួរឱ្យរំឭកនៅពេលនេះថា សុវត្ថិភាពចំណីអាហារ និងអាហារូបត្ថម្ភ មិនមែនគ្រាន់ តែជាបញ្ហាបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែ ជាភាពចាំបាច់ដើម្បីទ្រទ្រង់ជីវិត»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកស្រី ឱ វណ្ឌឌីន ក្នុងឱកាសតំណាងលោកសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល ឡើងថ្លែងសន្ទុរកថាក្នុងវេទិការង ស្តីពី «ការទំនាក់ទំនង និងសហប្រតិបត្តិការ ចិន-អាស៊ាន លើសុវត្ថិភាពចំណីអាហារ និងអាហាររូបត្ថម្ភ» (Sub-Forum on China–ASEAN Food Safety Communication and Nutrition Health) នាទីក្រុងហ្វាងឆឹង សាធារណរដ្ឋប្រជាមានិតចិន។ វេទិការរង (Sub-Forum) ដ៏សំខាន់មួយនៅថ្ងៃទីបី ចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៥ នៃកិច្ចប្រជុំអាស៊ាន-ចិនលើកទី៥ លើកិច្ចសហប្រតិបត្តិការសុខាភិបាល ដែលប្រព្រឹត្តទៅនៅទីក្រុងហ្វាងឆឹងហ្គាងនៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានសមាសភាពថ្នាក់ដឹកនាំជាច្រើននាក់ចូលរួម ពីអនុរដ្ឋមន្ត្រី គណៈប្រតិភូនៃប្រទេសអាស៊ាន និងប្រទេសចិន តំណាងអង្គការសហប្រជាជាតិប្រចាំប្រទេសចិន ចៅហ្វាយក្រុងរង តំណាងគណកម្មការសុខាភិបាលចិន…
(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព ដើម្បីពង្រឹងការងារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ពិសេសក្នុងឱកាសបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ។ ក្នុងកិច្ចប្រជុំដែលមានការចូលរួមពីកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា បញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ត្រូវធានាឲ្យបានគត់មុត មិនឲ្យមានបញ្ហាអ្វីកើតឡើងនោះឡើយ។ ដោយឡែក ការចុះរដ្ឋបាល ពិនិត្យជាតិផ្ទុះត្រូវតែធ្វើឡើងជាប្រចាំ តែជៀសវាងធ្វើកុំឲ្យប៉ះសតិអារម្មណ៍ប្រជាពលរដ្ឋ នៅពេលអនុវត្តកិច្ចការងារ។ ពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ ឬ Online Scam លោក ឃួង ស្រេង បានណែនាំឲ្យអាជ្ញាធរខណ្ឌ និងកម្លាំងមានសមត្ថកិច្ច បន្តយកចិត្តទុកដាក់ឲ្យបានខ្ពស់ ដើម្បីលុបបំបាត់ ដោយត្រូវដាក់កម្លាំងតាមដាននៅតាមទីតាំង ដែលមានការសង្ស័យ ដូចជានៅតាមបុរីនិងខុនដូជាដើម។ បន្ថែមពីនេះ ការងារដោះស្រាយបញ្ហាលិចលង់ ក៏ជាប្រធានបទធំមួយដែលលោក ឃួង ស្រេង ជំរុញឲ្យអាជ្ញាធរខណ្ឌ និងមន្ត្រីជំនាញយកចិត្តទុកដាក់ដើម្បីដោះស្រាយ។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា សម្រាប់បុណ្យដាក់បិណ្ឌ ភ្ជុំបិណ្ឌ ស្នងការដ្ឋាននគរបាលរាជធានី បានប្រើប្រាស់កម្លាំង សហការជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ ការពារសន្តិសុខ សុវត្ថិភាព និងសម្រួលចរាចរជូនប្រជាពលរដ្ឋចំនួន១៦ថ្ងៃ។ ដោយឡែក សម្រាប់ពិធីបុណ្យកឋិនទាន ដែលនឹងចាប់ផ្តើមពីថ្ងៃទី៨ ខែតុលា ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមានរយៈពេល២៩ថ្ងៃ ក៏បានត្រៀមកម្លាំងរួចរាល់ ទាំងការសម្រួលចរាចរណ៍ ការរៀបចំសណ្តាប់ធ្នាប់ នៅតាមទីផ្សារ និងនៅតាមវត្តអារាម ជាមួយការល្បាត ពិនិត្យអាវុធជាតិផ្ទុះជាប្រចាំ៕
