Author: admin
(ភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន។ នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមកអំពីសភាពការណ៍នៃប្រទេសរៀងៗខ្លួន និង ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីនៅវិស័យនានាដែលជាផលប្រយោជន៍រួម ជាពិសេសការប្រារព្ធខួបលើកទី៣៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងអ៊ុយក្រែន (១៩៩២-២០២៧) នៅឆ្នាំក្រោយ៕
នាព្រឹកថ្ងៃអង្គារ ១ រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ ឯកឧត្តម អុិត ដារ៉ា អនុរដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី «ការជំរុញការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣–២០២៨»។ កិច្ចប្រជុំខាងលើប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រធាន និងអនុប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន អង្គការក្រៅរដ្ឋាភិបាល សង្កាត់ជុំវិញក្រុងព្រះសីហនុ សរុបប្រមាណ២០០នាក់ ព្រមទាំងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍រាជធានី-ខេត្ត លេខាធិការដ្ឋាន និងរដ្ឋបាលរាជធានី-ខេត្ត ចូលរួមតាមប្រព័ន្ធនិម្មិត ZOOM សរុបប្រមាណ២១៨គណនី។ កិច្ចប្រជុំនេះមានគោលបំណងសំខាន់ៗ រួមមាន៖១. បង្កើនការយល់ដឹងរួមគ្នាលើការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣–២០២៨២. កំណត់សូចនាករសម្រាប់ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ស្របតាមភារកិច្ចដែលបានកំណត់ក្នុងគោលនយោបាយជាតិ៣. ជំរុញការអនុវត្តលិខិតលេខ២១ សជណ.កប ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ស្តីពីវិធានការជំរុញប្រសិទ្ធភាពនៃការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍៤. ពង្រឹងភាពជាម្ចាស់ក្នុងការអភិវឌ្ឍប្រព័ន្ធជាតិឆ្លើយតបជាពហុវិស័យ៥. លើកកម្ពស់ការយល់ដឹង និងការប្រើប្រាស់មូលនិធិក្រុង ស្រុក និងមូលនិធិឃុំ សង្កាត់ ក្នុងការងារឆ្លើយតបនឹងមេរោគអេដស៍៦. ពង្រឹងយន្តការសហការរវាងថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការឆ្លើយតបនឹងជំងឺអេដស៍ឱ្យកាន់តែមានប្រសិទ្ធភាព។ សូមបញ្ជាក់ផងដែលថា នៅក្នុងពិធីខាងលេីក៏មានការអញ្ជេីញចូលរួមរបស់ ឯកឧត្តម អុិត ដារ៉ា ជាតំណាងអោយរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ហេីយក្នុងកិច្ចប្រជុំដ៏សំខាន់នេះ ក៏បង្ហាញពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរួមចំណែកសម្រេចអោយបាននូវគោលដៅបញ្ចប់ជំងឺអេដស៍ និងធានាចីរភាពកម្មវិធីអេដស៍នៅកម្ពុជា។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការតវ៉ាថ្មីៗទៀតប្រឆាំងនឹងសកម្មភាពរបស់ភាគីថៃ នៅក្នុងទីតាំងដែលខ្លួនដណ្តើមកាន់កាប់ដោយកម្លាំងយោធាក្នុងដែនអធិបតេយ្យរបស់កម្ពុជា។ ក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេស៖ «បច្ចុប្បន្នភាពស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» នាព្រឹកថ្ងៃពុធ ២រោច ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ការប្រឆាំងតវ៉ាទាំងនោះមានដូចជា ទី១៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានតវ៉ាយ៉ាងខ្លាំងនិងជាផ្លូវការប្រឆាំងនឹងទស្សនកិច្ចត្រួតពិនិត្យទីតាំងដោយគ្មានការអនុញ្ញាត របស់អនុព័ន្ធយោធាបរទេសមួយក្រុម និងមន្ត្រីអនុវត្តច្បាប់ ដែលដឹកនាំដោយប្រធានចារកម្មកងទ័ពថៃ នៅសណ្ឋាគារពីរកន្លែងស្ថិតនៅក្នុងស្រុកអូរស្មាច់ ខេត្តឧត្តរមានជ័យ នៃប្រទេសកម្ពុជា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦។ ទស្សនកិច្ចពិនិត្យទីតាំងនេះត្រូវបានធ្វើឡើងដោយគ្មានការយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជា ដែលជាការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ សូមបញ្ជាក់ថា សណ្ឋាគារ និងទីតាំងដែលត្រូវបានធ្វើទស្សនកិច្ចត្រួតពិនិត្យនោះ ស្ថិតនៅចម្ងាយ ៣៩៧ ម៉ែត្រពីច្រកអន្តរជាតិអូរស្មាច់ ដែលស្ថិតនៅក្បែរបង្គោលព្រំដែនលេខ១៥។ តំបន់នេះត្រូវបានគ្រប់គ្រងដោយប្រើកម្លាំង និងកាន់កាប់ដោយកងកម្លាំងប្រដាប់អាវុធថៃ ក្នុងអំឡុងពេលនៃការវាយលុករបស់ពួកគេមកលើកម្ពុជា ចន្លោះពីថ្ងៃទី៧-២៧ ខែធ្នូ ឆ្នាំ២០២៥។ កម្ពុជាបដិសេធ និងជំទាស់យ៉ាងដាច់អហង្ការចំពោះប្រតិបត្តិការ ដែលធ្វើឡើងដោយកងកម្លាំងយោធាថៃ រួមទាំងការអនុវត្តអធិបតេយ្យរបស់ថៃដោយខុសច្បាប់ តាមរយៈការរៀបចំទស្សនកិច្ចដូចដែលបានរៀបរាប់ខាងលើ ដែលជាការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន និងជាការប៉ុនប៉ងធ្វើឱ្យស្របច្បាប់នូវការកាន់កាប់របស់ខ្លួនលើទឹកដីអធិបតេយ្យរបស់កម្ពុជា។ ទន្ទឹមនឹងការបដិសេធយ៉ាងដាច់ខាតចំពោះសកម្មភាពរបស់ប្រទេសថៃ រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួន និងឥតងាករេរបស់ខ្លួនក្នុងការស្វែងរកដំណោះស្រាយចំពោះជម្លោះព្រំដែនទាំងអស់ជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់របស់ខ្លួន តាមរយៈមធ្យោបាយសន្តិភាព ស្របតាមច្បាប់អន្តរជាតិ ហើយកម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការរក្សាជំហរជាគោលការណ៍របស់ខ្លួនថា ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងឡើយ។ ទី២៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដែរ ក៏បានចេញសេចក្តីប្រកាសព័ត៌មានតវ៉ាយ៉ាងដាច់អហង្ការទៅកាន់ក្រសួងវប្បធម៌ថៃ ពាក់ព័ន្ធនឹងសកម្មភាពនានាដែលអាជ្ញាធរថៃបានអនុវត្តនៅតាមតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របី។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់ប្រាប់ភាគីថៃឡើងវិញថា ទីតាំងប្រាសាទទាំងពីរ ស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាទាំងស្រុង ដូចដែលបានកំណត់យ៉ាងច្បាស់ដោយសន្ធិសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ព្រមទាំងផែនទីដែលត្រូវបានទទួលស្គាល់ជាផ្លូវការ និងនៅតែមានសុពលភាពស្របតាមច្បាប់អន្តរជាតិ។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះរបាយការណ៍នៃការខូចខាតធ្ងន់ធ្ងរ និងការបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុងនៃប្រាសាទតាក្របីដែលជាទីកន្លែងសក្ការៈ ដែលមានតម្លៃខាងវប្បធម៌ដ៏សំខាន់ ជាដួងព្រលឹងរបស់ប្រជាជនខ្មែរ និងជាបេតិកភណ្ឌប្រវត្តិសាស្ត្រដែលត្រូវបានថែរក្សាអស់រយៈពេលរាប់សតវត្សរ៍មកហើយ។ ដូច្នេះ កម្ពុជាមិនអាចទទួលយកបានឡើយនូវការប្រើប្រាស់កម្លាំងណាមួយប្រឆាំងទៅនឹងតំបន់វប្បធម៌ និងបុរាណវិទ្យា សកម្មភាពស្តារឡើងវិញ អភិរក្ស ចុះបញ្ជី…
នៅក្នុងកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពការងារក្រសួងមុខងារសាធារណៈប្រចាំខែមករា ឆ្នាំ២០២៦ នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានផ្តល់អនុសាសន៍ណែនាំដល់ ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ជាន់ថ្នាក់ លើកិច្ចការងារសំខាន់ៗដែលត្រូវការយកចិត្តទុកដាក់ និងត្រូវការពង្រឹងបន្ថែម ដើម្បីស្ថាប័នទទួលបានសមិទ្ធផលកាន់តែប្រសើរឡើង និងប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ណែនាំឱ្យជំរុញការងារស្នូលរបស់ក្រសួង ជាពិសេសបន្តការពង្រឹងវត្តមាន មន្រ្តីរាជការទាំងផ្ទៃក្នុងក្រសួង និងក្នុងក្របខ័ណ្ឌនៃកិច្ចការងារអធិការកិច្ចក្រសួង ស្ថាប័ន។ ក្នុងនោះ ត្រូវបន្តពង្រឹងការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដូចជាការបើកផ្តល់បៀវត្ស ការគ្រប់គ្រងបម្រែបម្រួលស្ថានភាពមន្ត្រី ការអភិវឌ្ឍមូលធនមនុស្ស ការអភិវឌ្ឍប្រព័ន្ធឌីជីថល សម្រាប់មុខងារសាធារណៈ ការអនុវត្តគោលនយោបាយមុខងារសាធារណៈ កិច្ចសហប្រតិបត្តិការ ក្នុង និងក្រៅប្រទេស ជាដើម។ ការបន្តពង្រឹងការងារកែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈការអនុវត្តវិធានការគន្លឹះទាំង៣ ជាកិច្ចការដែលចាំបាច់។ “កន្លងមក យើងសម្រេចបានសមិទ្ធផលជាច្រើនបន្តបន្ទាប់ ដូចជាការរៀបចំការប្រឡងប្រជែងដោយទទួលបានការសាទរ និងការជឿទុកចិត្តពីសំណាក់បេក្ខជន និងមហាជនរួចមកហើយ ដូច្នេះ ការបន្តពង្រឹងការងារនេះ ជាកិច្ចការដែលមិនត្រូវបង្អង់ដៃ ហើយធ្វើឱ្យកាន់តែមានគុណភាព ចំគោលដៅ ទាំងប្រព័ន្ធអាជីព និងប្រព័ន្ធនិយោជន៍ រួមទាំងការងារដែលកំពុងបន្តជាច្រើនទៀត។” ទន្ទឹមនេះ ការសម្រេចការវិភាគមុខងារដំណាក់កាលទី១ ជាជំហានដំធំមួយដែលសម្រេចបាន និងកំពុងបង្ហាញនូវស្ថានភាពសុខភាពរដ្ឋបាលសាធារណៈដែលត្រូវដោះស្រាយជាចាំបាច់ ជាបន្តបន្ទាប់។ “ត្រូវបន្តរៀបចំ និងដោះស្រាយបញ្ហាដែលបានរកឃើញចេញពីការវិភាគមុខងារ ទាំងការរៀបចំអនុក្រឹត្យ នៃការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន មុខងារបណ្តុះបណ្តាល ឬមុខងារដែលត្រួតស៊ីគ្នាផ្សេងទៀត រួមទាំងការធ្វើជំរឿនមន្ត្រី និងការលើកកម្ពស់គុណភាពសេវាសាធារណៈជាដើម។” ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំឱ្យបន្តតាមដានការអនុវត្តគម្រោងនៅតាម ក្រសួង ស្ថាប័ននានា ដែលជាផ្នែកមួយនៃការអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ចប់កិច្ចប្រជុំដោយលើកឡើងថា “ការធ្វើទំនើបកម្មប្រព័ន្ធរដ្ឋបាលសាធារណៈ ជាដំណើរដ៏វែងឆ្ងាយ ដែលមិនមែនជាសកម្មភាពតែម្តងហើយសម្រេចបានជោគជ័យនោះទេ តែជាការងារដែលត្រូវធ្វើរួមគ្នា និងត្រូវបន្តធ្វើជាប់ជាប្រចាំ ដើម្បីឱ្យយើងអាចស្គាល់ពីសមត្ថភាព តាមដានសុខភាពប្រព័ន្ធរដ្ឋបាលរបស់យើង ដឹងពីអ្វីដែលត្រូវពង្រឹង និងសម្រួចបន្ថែម រួមចំណែកដល់ការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅលើឆាកអន្តរជាតិ ក្នុងបរិបទសាកលឱ្យកាន់តែរឹងមាំដើម្បីការពារ និងទាញផលប្រយោជន៍រយៈពេលវែងសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា។”
រដ្ឋាភិបាលជប៉ុនសូមសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពនៃការប៉ះទង្គិចយោធារវាងប្រទេសកម្ពុជា និងថៃបានកើនឡើងម្តងទៀត ចាប់តាំងពីខែធ្នូមក ដែលបណ្តាលឱ្យមានអ្នកស្លាប់និងរបួសក្នុងនោះរួមមានជនស៊ីវិល ជនភៀសសឹក ជាច្រើន រួមទាំងការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងប្រទេសទាំងពីរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ ស្តីពីកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពព្រំដែនរវាងប្រទេសកម្ពុជា-ថៃ។ សេចក្តីថ្លែងការណ៍ដដែល បានបន្តថា ក្នុងស្ថានភាពនេះ កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានត្រូវបានធ្វើឡើងនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២២ ខែធ្នូ ហើយសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានត្រូវបានចេញផ្សាយដោយជំរុញឱ្យប្រទេសទាំងពីរចាត់វិធានការជាបន្ទាន់ដើម្បីបញ្ឈប់អំពើអរិភាព និងវិលត្រឡប់ទៅរកការសន្ទនាវិញ។ ប្រទេសជប៉ុនសូមសម្តែងការគោរពយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់ប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន និងស្វាគមន៍ចំពោះជំហានវិជ្ជមាន ឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹង។ ជប៉ុនក៏សម្តែងការគោរពយ៉ាងជ្រាលជ្រៅសារជាថ្មីម្តងទៀតចំពោះសហរដ្ឋអាម៉េរិក ដែលបានខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវសន្តិភាព ក្នុងនោះមានកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមនៅទីក្រុងគូឡាឡាំពួរ។ តាមអ្នកនាំពាក្យក្រសួងការបរទេសជប៉ុន រដ្ឋាភិបាលជប៉ុនតែងតែអំពាវនាវប្រទេសកម្ពុជានិងថៃនៅកម្រិតផ្សេងៗឱ្យមានការអត់ធ្មត់ជាអតិបរមា និងដំណោះស្រាយដោយសន្តិវិធីតាមរយៈការសន្ទនា ហើយប្រឆាំងនឹងសកម្មភាពណាមួយដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងឡើង។ ជប៉ុនមានបំណងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញការកាត់បន្ថយភាពតានតឹង ដោយសហការជាមួយប្រទេសពាក់ព័ន្ធនានា រួមទាំងសហរដ្ឋអាម៉េរិក និងបណ្តាប្រទេសអាស៊ាន។
នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារក្រៅផ្លូវការ ជាមួយ ឯកឧត្តម ថងសាវណ្ណ ភុមិវិហាន រដ្ឋមន្ត្រីការបរទេសឡាវ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងការទទួលបដិសណ្ឋារកិច្ច និងការរៀបចំដ៏ល្អឥតខ្ចោះ ជូនគណៈប្រតិភូកម្ពុជា អំឡុងពេលក្នុងកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) កម្ពុជា-ឡាវ និងទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីខែវិច្ឆិកាកន្លងទៅ។ កិច្ចប្រជុំបានផ្តោតសំខាន់លើបញ្ហាតំបន់ និងអន្តរជាតិ ជាពិសេសការវិវត្តនៃស្ថានការណ៍ជម្លោះនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវកង្វល់យ៉ាងខ្លាំង អំពីស្ថានការណ៍ដែលកាន់តែអាក្រក់ទៅៗនៅតាមបណ្តោយព្រំដែន និងបានបញ្ជាក់សារជាថ្មីពីការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជាក្នុងការស្តារប្រក្រតីភាពឡើងវិញ តាមរយៈការដោះស្រាយដោយសន្តិវិធី ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពរួមរវាងប្រជាជន និងប្រទេសទាំងពីរ។
នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការពារជាតិ ដោយបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដឹកនាំដោយលោក Jurg Montani ប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ប្រចាំភូមិភាគ។ តាមលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា នៅក្នុងជំនួបនោះ លោក Jurg Montani ក៏បានចែករំលែកផងដែរនូវព័ត៌មានអំពីការចុះសួរសុខទុក្ខជា លើកទី៤នាយទាហានទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតនៅក្រោមការឃុំ គ្រងរបស់យោធាថៃ ក្រោយការចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ចំពោះការចុះសួរសុខ ទុក្ខលើកទី៤ ពីសំណាក់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិនោះបានបញ្ជាក់ថា ទាហានយើងទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា។ លោកក៏បានបញ្ជាក់បន្ថែមថា លោកបានប្រគល់ជូនលិខិតដំណឹង គ្រួសាររបស់យុទ្ធជនទាំង១៨រូប សម្រាប់ជូនដល់ក្រុមគ្រួសាររបស់ពួកគាត់ជាលើកទី៤ តាមរយៈការ សម្របសម្រួលរបស់កាកបាទក្រហមកម្ពុជា។ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានអំពាវនាវឱ្យគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បន្តត្រួតពិនិត្យ និងតាមដានសុខុមាលភាព សុវត្ថិភាព និងលក្ខខណ្ឌរស់នៅរបស់នាយទាហាន ទាំង ១៨រូប ដោយគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ។ ជាមួយគ្នានេះដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក ក៏បានអំពាវនាវឱ្យគណៈកម្មាធិការអន្តរជាតិ នៃកាកបាទ ក្រហម (ICRC) ជួយជំរុញឱ្យយោធាថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពីដែន អធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាព នៅក្នុងតំបន់។ ឯកឧត្តមឧត្ដមសេនីយ៍ឯក ក៏បានគូសបញ្ជាក់ជូនប្រធានប្រតិភូគណៈកម្មការអន្តរជាតិ នៃកាកបាទក្រហមថា កងយោធពលខេមរភូមិន្ទ បានគោរពយ៉ាងម៉ឺងមាត់ ស្មោះត្រង់ និងដោយសុឆ្ឆន្ទះ ពិតប្រាកដនូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ។ ក្រសួងការពារជាតិ បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរនូវគ្រប់យន្តការដោះស្រាយ ទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មក វិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។…
តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) លោក ឌឿក វណ្ណរិទ្ធិ អគ្គទីប្រឹក្សា បានចូលរួមថ្លែងក្នុងកិច្ចពិភាក្សាទូទៅក្រោមរបៀបវារៈ “ពង្រឹងការសម្របសម្រួលជំនួយសង្រ្គោះបស់អង្គការសហប្រជាជាតិ (អ.ស.ប.) សម្រាប់គ្រោះធម្មជាតិ និងមនុស្សធម៌ រួមទាំងជំនួយសេដ្ឋកិច្ចពិសេស” ដែលត្រូវបានរៀបចំនៅទីស្នាក់ការ អ.ស.ប. នៅទីក្រុងញូវយ៉ក នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។ នៅក្នុងកម្មវិធីខាងលើ លោកអគ្គទីប្រឹក្សា បានជម្រាបជូនមហាសន្និបាត អ.ស.ប. អំពីការឈ្លានពានដោយយោធាថៃមកលើដែនអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា ហើយទទូចឱ្យថៃបញ្ឈប់អារិភាពជាបន្ទាន់ បញ្ឈប់ការប្រើប្រាស់អាវុធធុនធ្ងន់ បញ្ឈប់ការទម្លាក់គ្រាប់បែកមកលើកម្ពុជា រួមទាំងការប្រើប្រាស់គ្រាប់បែកចង្កោម និងផ្សែងពុល មកលើរចនាសម្ព័ន្ធស៊ីវិល និងទីតាំងស៊ីវិលផ្សេងទៀត ហើយត្រូវអនុវត្តឡើងវិញនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ។ សូមរំលឹកថា ថៃបានបើកការបាញ់ប្រហារ និងទម្លាក់គ្រាប់បែក ដោយមិនរើសមុខ មិនរើសទីតាំង ដើម្បីឈ្លានពានបូរណភាពទឹកដីកម្ពុជា ចាប់តាំងពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ ខណៈដែលកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួន ការពារអធិបតេយ្យភាពជាតិ តបតទៅវិញ បន្ទាប់ពីអត់ធ្មត់អស់រយៈពេលជាង២៤ម៉ោង៕ ដោយ AKP ផែន រតនៈ
ភ្នំពេញ៖ អង្គការ UNESCO អំពាវនាវឱ្យមានការការពារជាបន្ទាន់នូវបេតិកភណ្ឌវប្បធម៌ក្នុងតំបន់ក្នុងគ្រប់ទម្រង់ ខណៈដែលថៃបានផ្លោងដាក់ប្រាសាទព្រះវិហារជាថ្មី ។ អង្គការយូណេស្កូ (UNESCO) បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងជាថ្មីរវាងកម្ពុជា និងថៃ ជាពិសេសនៅតំបន់ជុំវិញប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ នេះបើតាមការចេញផ្សាយរបស់អង្គការ UNESCO នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ។ ជាមួយគ្នានេះ UNESCO បានរំលឹកភាគីទាំងអស់អំពីកាតព្វកិច្ច និងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការគោរពច្បាប់អន្តរជាតិ ជាពិសេស អនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ សម្រាប់ការការពារទ្រព្យសម្បត្តិវប្បធម៌នៅក្នុងព្រឹត្តិការណ៍នៃជម្លោះប្រដាប់អាវុធ និងអនុសញ្ញាឆ្នាំ១៩៧២ ទាក់ទងនឹងការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ របស់ពិភពលោក។ សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ទៀតថា UNESCO នឹងបន្តតាមដានស្ថានភាពបេតិកភណ្ឌវប្បធម៌ក្នុងតំបន់ ក្នុងគោលបំណងធានាការការពាររបស់សម្បត្តិបេតិកភណ្ឌទាំងនេះ ហើយនឹងធ្វើការទំនាក់ទំនងទៅគ្រប់ភាគីពាក់ព័ន្ធអំពីភូមិសាស្ត្រនៃទីតាំងក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក៏ដូចជាសារៈសំខាន់របស់សម្បត្តិបេតិកភណ្ឌ ដើម្បីចៀសវាងការខូចខាតដែលអាចកើតមាន។ បន្ថែមពីលើនេះ អង្គការ UNESCO បានបញ្ជាក់ថា បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជំនួយបច្ចេកទេសចាំបាច់ដើម្បីធានាការការពារសម្បត្តិវប្បធម៌ និងអនុវត្តវិធានការការពារចាំបាច់ណាមួយឱ្យបានឆាប់នៅពេលមានលក្ខខណ្ឌសមស្រប។ ប្រាសាទព្រះវិហារ បានរងការខូចខាតម្តងហើយកាលពីសង្គ្រាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជា កាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ហើយនៅពេលដែលថៃបានបើកការឈ្លានពានជាថ្មីចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥មក ប្រាសាទព្រះវិហារត្រូវបានទាហានថៃបាញ់ផ្លោងដាក់ជាថ្មី និងរងការខូចខាតយ៉ាងធ្ងន់ធ្ងរបន្ថែមទៀត។ ប្រាសាទព្រះវិហារ ត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក របស់ អង្គការ UNESCO កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨។ ប្រាសាទព្រះវិហារ ស្ថិតនៅលើជួរភ្នំដងរែក ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានចម្ងាយប្រមាណជាង ៤០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ សូមបញ្ជាក់ថា ថៃបានបើកការបាញ់ប្រហារ និងទម្លាក់គ្រាប់បែក ដោយមិនរើសមុខ មិនរើសទីតាំង ដើម្បីឈ្លានពានបូរណភាពទឹកដីកម្ពុជា ចាប់តាំងពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ ខណៈដែលកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួន ការពារអធិបតេយ្យភាពជាតិ តបតទៅវិញ បន្ទាប់ពីអត់ធ្មត់អស់រយៈពេលជាង២៤ម៉ោង៕ វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ នេះ បានចេញសារជាថ្មីដើម្បីបំភ្លឺ និងឆ្លើយតបទៅកាន់មតិរិះគន់របស់ពលរដ្ឋថៃមួយចំនួន ដែលបានចោទប្រកាន់ថា កម្ពុជាប្រើប្រាស់លុយចិនដើម្បីរៀបចំស៊ីហ្គេមឆ្នាំ២០២៣ និងបានមើលងាយកម្ពុជាថាជាប្រទេសក្រីក្រ។ ការចេញមុខបំភ្លឺនេះ ធ្វើឡើងបន្ទាប់ពីសម្តេចបានបង្ហោះវីដេអូកាលពីថ្ងៃទី៤ ខែធ្នូ ស្តីពីការបិទបញ្ចប់ស៊ីហ្គេមនៅកម្ពុជា ដែលត្រូវបានជនជាតិថៃមួយចំនួនបកស្រាយខុសថា ជាការឌឺដងឱ្យប្រទេសថៃដែលត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៥។ នៅក្នុងសារលិខិតបំភ្លឺ សម្តេចតេជោ បានសម្តែងការហួសចិត្តចំពោះការលើកឡើងរបស់ជនជាតិថៃមួយចំនួន ដែលតាំងខ្លួនជាប្រទេសអ្នកមាន ហើយមើលងាយកម្ពុជាថាជា «ប្រទេសអ្នកក្រ ដែលមានអ្នកសុំទានពាក់កណ្តាលប្រទេស»។ ជាពិសេសចំពោះការប្រឌិតរឿងថា កម្ពុជាធ្វើស៊ីហ្គេមដោយប្រើលុយចិន។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងច្បាស់ថា៖ «និយាយពីការចំណាយសម្រាប់ការប្រកួត យើងមិនបានប្រើប្រាស់លុយចិន ឬលុយពីប្រទេសផ្សេងសូម្បីមួយសេន»។ សម្តេចបានពន្យល់លម្អិតថា ទោះបីជាហេដ្ឋារចនាសម្ព័ន្ធកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានសាងសង់ក្រោមជំនួយឥតសំណងរបស់មិត្តចិនក៏ពិតមែន ប៉ុន្តែរាល់ការចំណាយលើការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាថវិកាជាតិសុទ្ធសាធ ដែលកើតចេញពីការសន្សំសំចៃរបស់រាជរដ្ឋាភិបាល។ សម្តេចតេជោ បានលើកឡើងពីយុទ្ធសាស្ត្រគ្រប់គ្រងថវិកាជាតិ ដោយមានការជួយជ្រោមជ្រែងពី «មេផ្ទះ» ដ៏ពូកែពីររូបគឺ ឯកឧត្តម គាត ឈន់ និងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន។ រាជរដ្ឋាភិបាលបានដាក់បញ្ចូលគម្រោងថវិកាសម្រាប់ស៊ីហ្គេមជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៨ ដល់ ២០២២ ដោយសន្សំបានប្រមាណ ៥០លានដុល្លារ និងគ្រោងបន្ថែម ១៥០លានដុល្លារទៀតក្នុងឆ្នាំ២០២៣ សរុបប្រហែល ២០០លានដុល្លារ។ យ៉ាងណាមិញ ក្រោមការដឹកនាំ និងចាត់ចែងដោយស្មារតីសន្សំសំចៃរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ កម្ពុជាបានចំណាយថវិកាជាក់ស្តែងតិចជាងការគ្រោងទុក៖ ការចំណាយលើស៊ីហ្គេម អស់ត្រឹម ១១៨លានដុល្លារ។ បើបូកទាំងអាស៊ានប៉ារ៉ាហ្គេម អស់ត្រឹម ១២៦លានដុល្លារ។ បើសរុបទាំងប្រាក់រង្វាន់ជូនកីឡាករជ័យលាភីទាំងអស់ គឺចំណាយអស់ត្រឹម ១៣០លានដុល្លារ ប៉ុណ្ណោះ។ ក្នុងចំនួននេះ កម្ពុជាបានចំណាយប្រមាណ ១២លានដុល្លារ ដើម្បីទទួលរ៉ាប់រងការស្នាក់នៅ និងហូបចុកជូនប្រតិភូកីឡាអន្តរជាតិ ដែលសម្តេចតេជោបានចាត់ទុកថាជា «ការសម្រេចចិត្តក្នុងគោលបំណងពង្រឹងសាមគ្គីភាពអាស៊ាន» ដោយបញ្ជាក់ថា «កម្ពុជាជាប្រទេសក្រទ្រព្យ ក្រលុយ តែមិនក្រចិត្តនោះទេ»។ សម្តេចតេជោ ក៏បានរំលេចផងដែរថា សំណង់កីឡដ្ឋានអូឡាំពិក ដែលជាស្នាព្រះហស្តរបស់សម្តេចព្រះ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) ក៏ត្រូវបានប្រើប្រាស់ជាកន្លែងប្រកួតដ៏សំខាន់…
