សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ បានចូលរួមអបអរសាទរ ចំពោះសហភាពសហព័ន្ធយុវជនកម្ពុជា ដែលត្រូវបានជ្រើសរើសជាជ័យលាភីទទួលពានរង្វាន់អាស៊ានឆ្នាំ២០២៥។
គួរជម្រាបជូនថា នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ី គណៈប្រតិភូ ស.ស.យ.ក. ដឹកនាំដោយ លោកជំទាវ ដាំ ដារីនី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញទទួលពានរង្វាន់អាស៊ាន ពីឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន និងឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។
ការនេះបង្ហាញពីមោទនភាពក្រៃលែង ដែល ស.ស.យ.ក. ទទួលបាននូវការទទួលស្គាល់ជាអន្តរជាតិ ចំពោះសមិទ្ធផលនានា ដែលខ្លួនសម្រេចបាន ជាពិសេសចំពោះការលះបង់របស់សមាជិក សមាជិកាគ្រប់រូបនៃស្ថាប័ននេះ។
ការផ្តល់នូវពានរង្វាន់នេះ ក៏ដូចជាការទទួលស្កាល់នូវបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ ស.ស.យ.ក. ក្នុងការរួមចំណែកកសាងសហគមន៍សុខដុមអាស៊ាន។


