រាជរដ្ឋាភិបាលគ្រោងចំណាយថវិការដ្ឋសរុបចំនួន៤០ ៩១៣ ប៊ីលាន រៀល ស្មើនឹង ១៨,៨៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស./GDP)ឬកើនចំនួន ៧,៨ភាគរយធៀបនឹងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២៥។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផល កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្តី្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជានៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥។
សេចក្តីប្រកាសបានបញ្ជាក់ថាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានពិភាក្សាឆ្លង និងអនុម័តរបៀបវារៈសំខាន់ៗសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។រាជរដ្ឋាភិបាលគ្រោងចំណាយថវិការដ្ឋសរុបចំនួន ៤០ ៩១៣ ប៊ីលានរៀល ស្មើនឹង ១៨,៨៥ភាគរយនៃ ផ.ស.ស.ឬកើនចំនួន ៧,៨ភាគរយធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥។ តាមការវាយតម្លៃសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៥,២ភាគរយ សម្រាប់ឆ្នាំ២០២៥ និងប្រមាណ ៥,០ភាគរយសម្រាប់ឆ្នាំ២០២៦ ស្របពេលដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ៣ ០២០ ដុល្លារអាម៉េរិក បើធៀបនឹងប្រមាណ២ ៨៥៨ ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៥។ កំណើនសេដ្ឋកិច្ចឆ្នាំ២០២៦ ត្រូវបានគាំទ្រដោយវិស័យ និងអនុវិស័យជាចន្ទល់ជំរុញកំណើន រួមមាន ១. វិស័យឧស្សាហកម្ម ២. វិស័យសេវាកម្ម ៣. វិស័យកសិកម្ម ដែលបន្តគាំទ្រដោយអនុវិស័យនេសាទ និងការចិញ្ចឹមសត្វ។ អត្រាអតិផរណាជាមធ្យមប្រចាំឆ្នាំត្រូវបានព្យាករថា នឹងស្ថិតក្នុងរង្វង់ ២,៨ភាគរយ។
សូមជម្រាបថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦មាន ៦ជំពូក និង ១៥មាត្រា ត្រូវបានរៀបចំឡើងដោយផ្តល់អាទិភាពលើការពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ការទ្រទ្រង់និរន្តរភាពនៃកិច្ចប្រតិបត្តិការរបស់ស្ថាប័នរដ្ឋ ការគាំទ្រការអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ ព្រមទាំងវិធានការកែទម្រង់គន្លឹះ និងជាក់ស្ដែងនានាដែលត្រូវបន្តអនុវត្តនៅក្នុងឆ្នាំ២០២៦ ជាពិសេសគាំទ្រការបន្តអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង៦វិធានការគន្លឹះទាំង៥ និងអាទិភាពគន្លឹះទាំង៥ ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីឆ្លើយតបទៅនឹងទិសដៅនៃការអភិវឌ្ឍរបស់កម្ពុជាក្នុងដំណាក់កាលថ្មី ទាំងក្នុងក្របខ័ណ្ឌផ្ទៃក្នុងប្រទេស ទាំងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក៕




