នាព្រឹកថ្ងៃពុធ ២កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម សៀន សុវណ្ណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន អញ្ជើញដឹកនាំគណៈប្រតិភូនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចូលរួមដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា រំលឹកខួប ៣២ឆ្នាំ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ» នៅនីតិបូជនីយដ្ឋាន វិមានរដ្ឋធម្មនុញ្ញ នៅសួនច្បារខាងលិចវិមានឯករាជ្យ រាជធានីភ្នំពេញ។
គួររំឭកថា ដោយគោរពអនុវត្តតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានចេញសារាចរដើម្បីកំណត់យកថ្ងៃទី២៤ ខែកញ្ញាជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងបានណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន ត្រូវរៀបចំគណៈប្រតិភូថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ចូលរួមប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញ នៅនីតិបូជនីយដ្ឋាន វិមានរដ្ឋធម្មនុញ្ញ ។ ដោយឡែក គ្រប់មន្ទីរ អង្គភាពនានា នៅរាជធានី និងតាមបណ្តាខេត្ត ត្រូវរៀបចំប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញ តាមទីតាំងនិងលទ្ធភាពជាក់ស្តែង។




