(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានធ្វើការកត់សំគាល់ឃើញថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ ជាពិសេសថ្មីៗនេះ ក្រុមជ្រុលនិយមថៃ បានធ្វើសកម្មភាពអសីលធម៌ ការបំពាន ការប្រមាថយ៉ាងអាក្រក់ តាមច្រើនរូបភាព មធ្យោបាយ និងទម្រង់ មកលើកម្ពុជា ដែលជាប្រទេសអធិបតេយ្យជិតខាង ជាពិសេស ការប្រមាថដែលមិនអាចទទួលយកបានមកលើ សម្តេចតេជោ ហ៊ុន សែន ដែលជាថ្នាក់ដឹកនាំជាទីគោរពបំផុតរបស់ប្រជាជនកម្ពុជា។ ប្រជាជនថៃគួរតែយល់ថា ការប្រមាថដ៏អាក្រក់នេះ គឺលើសពីបញ្ហាបុគ្គល ប៉ុន្តែជាការរុញច្រានឱ្យមានកំហឹងជាតិសាសន៍រវាងប្រជាជាតិទាំងសង្ខាង ដែលគួរតែយកចិត្តទុកដាក់ជាបន្ទាន់។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា យល់ឃើញថា ថ្នាក់ដឹកនាំថៃគ្រប់កម្រិតអាចបានដឹងពីសកម្មភាពទាំងនេះ ដែលមិនគួរមើលស្រាលលើបញ្ហាអសីលធម៌របស់ក្រុមជ្រុលនិយម ហើយក៏មិនគួរនៅស្ងៀមតទៅទៀតនោះទេ។ យើងសូមអំពាវនាវ និងស្នើសុំដល់ ថ្នាក់ដឹកនាំថៃ ក៏ដូចជាបញ្ញវន្តថៃ អ្នកសារព័ត៌មាន និងបណ្តាញផ្សព្វផ្សាយថៃ ចេញសារដើម្បីអំពាវនាវ និងមានវិធានការដើម្បីបញ្ឈប់ទង្វើអសីលធម៌បែបនេះ។ យើងយល់ដូចគ្នាថា ការអត់ធ្មត់ពិតជាមានដែនកំណត់ ហើយបើកម្ពុជាមិនបានសុខ ក៏ប្រែមកវិញថា ប្រជាជនថៃ ជួបការលំបាកដូចគ្នា។ ដូច្នេះ យើងគួរមានការប្តេជ្ញាចិត្តដូចគ្នាក្នុងការបន្តពង្រឹងសន្តិភាព។
ប្រជាជនកម្ពុជា គោរពវីរភាព គុណបំណាច់ និងគុណធម៌ដ៏ធំធេងរបស់ សម្តេចតេជោ ហ៊ុន សែន ជារដ្ឋបុរសរបស់ខ្លួន ហើយជានិមិត្តរូបនៃភាពក្លាហាន ភាពថ្លៃថ្នូរ និង ភាពរុងរឿង របស់ប្រជាជាតិខ្មែរសម័យទំនើប។ ប្រជាជនកម្ពុជា ស្តាប់តាមការណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើជាពលរដ្ឋល្អ ដែលគោរពតម្លៃ និងផ្តល់សេចក្តីសុខដល់ពលរដ្ឋថៃដែលរស់នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាតម្លៃថ្នាក់ដឹកនាំថៃ។ តម្លៃនេះ គួរតែត្រូវបានគោរពគ្នាទៅវិញទៅមក ក្នុងភាពជាប្រជាជាតិជិតខាងដែលស៊ីវីល័យ។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា យល់ឃើញថា គ្រប់បញ្ហាទាំងអស់ត្រូវតែមានវិធានការគ្រប់គ្រងពីដើមទី ហើយចាត់របៀបដោះស្រាយសមស្របជាជំហានៗ ផ្អែកតាមទិដ្ឋភាពច្បាប់ ទិដ្ឋភាពបច្ចេកទេស កិច្ចព្រមព្រៀង គោលការណ៍សកល ការគោរពអធិបតេយ្យភាព និងការគោរពសិទ្ធិមនុស្ស។ ការធ្វើមិនដឹងមិនឭ ឬការបណ្តែតបណ្តោយចំពោះទង្វើអសីលធម៌និងការប្រមាថបែបនេះ នឹងអាចបង្កើតឱ្យមានទំនាស់ ជាតិសាសន៍ដ៏រ៉ាំរៃ គ្រោះថ្នាក់ និងពិបាកប៉ាន់ស្មាន។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក៏សូមទាញការយកចិត្តទុកដាក់ដែរថា កិច្ចការព្រំដែនគួរតែត្រូវផ្តល់អាទិភាពដោះស្រាយដោយអ្នកបច្ចេកទេសកិច្ចការព្រំដែន ហើយវានឹងមិនអាចដោះស្រាយជោគជ័យតាមរយៈគ្រាប់កាំភ្លើងនោះទេ។ ជាប្រជាជាតិដែលកាន់ព្រះពុទ្ធសាសនាដូចគ្នា ទាហានខ្មែរ១៨រូប ក៏គួរត្រូវបានដោះលែងឱ្យមានសេរីភាព ហើយបានវិលត្រឡប់មករស់នៅជួបប្រពន្ធកូននិងក្រុមគ្រួសារ ដូចដែលគ្រួសារនីមួយៗ រួមទាំងពលរដ្ឋថៃផងប្រាថ្នារស់នៅជួបជុំគ្រួសារបែបនេះ៕

