ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកទឹកចិត្តដល់និស្សិតដែលមានចំណាប់អារម្មណ៍ចង់ក្លាយខ្លួនជាមន្ត្រីរាជការ ឱ្យតាមដានការផ្សព្វផ្សាយរបស់ក្រសួងមុខងារសាធារណៈ ដើម្បីមានឱកាសក្លាយខ្លួនជាមន្ត្រីរាជការតាមរយៈការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលដឹកនាំ និងរៀបចំដោយក្រសួងមុខងារសាធារណៈ។
ការលើកឡើងដូចនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចូលរួមប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចំនួន ២,៨១៤អង្គ/នាក់ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ចាប់ពីឆ្នាំ២០២៣ រហូតមកដល់ពេលបច្ចុប្បន្ន ក្រសួងមុខងារសាធារណៈ បានដឹកនាំ និងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចំនួន ៥០លើករួចមកហើយ។ ក្នុងពេលខាងមុខនេះ នឹងមានការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារនៅក្នុងក្រសួងយុត្តិធម៌ និងការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារផងដែរ។

ការប្រឡងប្រជែង ចាប់ពីអាណត្តិទី៧ មក សម្តេចមហាបវរធិបតី បានចង្អុលឱ្យក្រសួងមុខងារសាធារណៈ ដឹកនាំ និងរៀបចំការប្រឡងប្រជែង ដោយសហការជាមួយក្រសួងសាមី និងអង្គភាពប្រឆាំងអំពើពុករលួយ។ ប្រសិនបើបេក្ខជនមានលក្ខណៈសម្បត្តិ និងលក្ខខ័ណ្ឌគ្រប់គ្រាន់ ព្រមទាំងសមត្ថភាពគ្រប់គ្រាន់ សូមនិមន្ត និងអញ្ជើញចូលរួមប្រឡងប្រជែងឱ្យបានគ្រប់ៗគ្នា។
ទន្ទឹមនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញលម្អិតអំពីដំណើរការប្រឡងប្រជែង ចាប់តាំងពីការជូនដំណឹងទទួលពាក្យ ដំណើរការប្រឡងប្រជែង ទាំងដំណើរការតាក់តែងវិញ្ញាសានៅព្រឹកនៃថ្ងៃប្រឡងប្រជែងតែម្តង រហូតដល់ថ្ងៃប្រកាសលទ្ធផល ពិសេសបេក្ខជនអាចស្នើសុំពិនិត្យសន្លឹកកិច្ចការរបស់ខ្លួន ក្រោយពីការប្រកាសលទ្ធផលរយៈពេល ៧ថ្ងៃ ដើម្បីឱ្យការប្រឡងស្របតាមប្រសាសន៍របស់សម្តេចធិបតី «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។ រាល់សកម្មភាពនៃដំណើរការប្រឡងប្រជែងទាំងអស់ ស្ថិតក្រោមការពិនិត្យ និងតាមដានជាប់ជាប្រចាំ ពីអង្គភាពប្រឆាំងអំពើពុករលួយ និងអង្គភាពពាក់ព័ន្ធផងដែរ។ “ជារួមប្រសិនបើប្អូនៗទាំងអស់គ្នា មានបំណងប្រាថ្នាចង់ក្លាយជាមន្ត្រីរាជការស៊ីវិល និងមានការបើកឱ្យមានការប្រឡងប្រជែង សូមឱ្យចូលរួមប្រឡងប្រជែង ដើម្បីធ្វើជាមន្ត្រីរាជការ ព្រោះថាការរៀបចំប្រព័ន្ធប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ គឺដើម្បីជ្រើសរើសអ្នកចេះពិតប្រាកដ និងមានឆន្ទៈជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល។” ឯកឧត្តមបានគូសបញ្ជាក់បន្ថែម។

លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសំណូមពរដល់និស្សិតទាំងអស់ សូមសិក្សាស្វែងយល់ពីប្រទេសជាតិយើង និងកែច្នៃអ្វីដែលជាមេរៀន ដែលយើងធ្លាប់បានឆ្លងកាត់ឱ្យក្លាយទៅជាកម្លាំងចិត្តមួយក្នុងការចូលរួមកសាងជាតិ។ ឯកឧត្តម ក៏បង្ហាញទស្សនៈប្រកបដោយភាពជឿជាក់ទៅកាន់និស្សិតទាំងអស់ថា អនាគតរបស់កម្ពុជា នឹងរឹតតែប្រសើឡើងជាងនេះ ដោយសារមានប្អូនៗទាំងអស់គ្នា ដែលនាំមកនូវភាពជោគជ័យ ជូនជាតិមាតុភូមិកម្ពុជា៕



















