នាព្រឹកថ្ងៃអង្គារ ១ រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ ឯកឧត្តម អុិត ដារ៉ា អនុរដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី «ការជំរុញការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣–២០២៨»។

កិច្ចប្រជុំខាងលើប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រធាន និងអនុប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន អង្គការក្រៅរដ្ឋាភិបាល សង្កាត់ជុំវិញក្រុងព្រះសីហនុ សរុបប្រមាណ២០០នាក់ ព្រមទាំងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍រាជធានី-ខេត្ត លេខាធិការដ្ឋាន និងរដ្ឋបាលរាជធានី-ខេត្ត ចូលរួមតាមប្រព័ន្ធនិម្មិត ZOOM សរុបប្រមាណ២១៨គណនី។
កិច្ចប្រជុំនេះមានគោលបំណងសំខាន់ៗ រួមមាន៖
១. បង្កើនការយល់ដឹងរួមគ្នាលើការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣–២០២៨
២. កំណត់សូចនាករសម្រាប់ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ស្របតាមភារកិច្ចដែលបានកំណត់ក្នុងគោលនយោបាយជាតិ
៣. ជំរុញការអនុវត្តលិខិតលេខ២១ សជណ.កប ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ស្តីពីវិធានការជំរុញប្រសិទ្ធភាពនៃការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍
៤. ពង្រឹងភាពជាម្ចាស់ក្នុងការអភិវឌ្ឍប្រព័ន្ធជាតិឆ្លើយតបជាពហុវិស័យ
៥. លើកកម្ពស់ការយល់ដឹង និងការប្រើប្រាស់មូលនិធិក្រុង ស្រុក និងមូលនិធិឃុំ សង្កាត់ ក្នុងការងារឆ្លើយតបនឹងមេរោគអេដស៍
៦. ពង្រឹងយន្តការសហការរវាងថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការឆ្លើយតបនឹងជំងឺអេដស៍ឱ្យកាន់តែមានប្រសិទ្ធភាព។

សូមបញ្ជាក់ផងដែលថា នៅក្នុងពិធីខាងលេីក៏មានការអញ្ជេីញចូលរួមរបស់ ឯកឧត្តម អុិត ដារ៉ា ជាតំណាងអោយរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ហេីយក្នុងកិច្ចប្រជុំដ៏សំខាន់នេះ ក៏បង្ហាញពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរួមចំណែកសម្រេចអោយបាននូវគោលដៅបញ្ចប់ជំងឺអេដស៍ និងធានាចីរភាពកម្មវិធីអេដស៍នៅកម្ពុជា។






















